ផ្ទះប្រជាពលរដ្ឋ២ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង គិតជាទឹកប្រាក់ប្រហែល ៨៦,០០០,០០០ រៀល
ព័ត៌មាន
1.23K

តាកែវ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច រួមទាំងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១និង៥០នាទី រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិច័ន្ទមង្គល ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះទី១មានឈ្មោះ អ៊ុយ លីម អាយុ៥៨ឆ្នាំ ប្រពន្ធឈ្មោះ សំ ចេក អាយុ៥៨ឆ្នាំ បណ្តាលឲ្យខូចខាតផ្ទះឈើប្រកហ្វីប្រូ ទំហំ ៥គុណ៦ម៉ែត្រ , លុយខ្មែរចំនួន ២,០០០,០០០រៀល , ខ្សែកមាសទម្ងន់៣ជី និងស្រូវចំនួន១០ស្បោង។

ចំណែកម្ចាស់ផ្ទះទី២ មានឈ្មោះ អ៊ុយ ត្រូ អាយុ៤៩ឆ្នាំ ប្រពន្ធឈ្មោះ ប៊ី វន្នី អាយុ៥៤ឆ្នាំ បណ្តាលឲ្យខូចខាតផ្ទះឈើប្រកក្បឿងទំហំ ៥គុណ៧ម៉ែត្រ , លុយដុល្លារចំនួន ២ពាន់ដុល្លារ , លុយខ្មែរ ១,០០០,០០០រៀល និងស្រូវចំនួន ២ស្បោង ។

សរុបផ្ទះទាំង២ គិតជាទឹកប្រាក់ប្រហែល ៨៦,០០០,០០០ រៀល ប្រើប្រាស់ទឹកអស់ចំនួន ៣រថយន្តទើបរលត់ទៅវិញជាស្ថាពរ ដោយមិនបណ្តាលឲ្យនរណាម្នាក់រងរបួសអ្វីនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិ ។ ចំណែកមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ទុស្សេខ្សែភ្លើង ៕